យុទ្ធនាការ #BeyondTheGames សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបពីភាពមិនប្រក្រតីនៃការគ្រប់គ្រងគណនីហ្វេសប៊ុកផ្លូវការរបស់យុទ្ធនាការ #BeyondTheGames។ កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ គណនីគ្រប់គ្រងរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់យុទ្ធនាការ #BeyondTheGames ដែលមានឈ្មោះថា «Beyond the Games» ត្រូវបានកត់សម្គាល់នូវសកម្មភាពមិនប្រក្រតីមួយចំនួន រហូតមានជនអនាមិកលួចចូលទៅគ្រប់គ្រងប្រព័ន្ធគណនីរបស់យុទ្ធនាការយើង។ ខណៈនេះក្រុមការងារបច្ចេកទេសរបស់យុទ្ធនាការ #BeyondTheGames កំពុងតែធ្វើការជាមួយក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច ដើម្បីព្យាយាមដោះស្រាយបញ្ហាដែលបានកើតឡើង ដើម្បីឈានទៅដល់យកការគ្រប់គ្រងលើផេកហ្វេសប៊ុកផ្លូវការប្រកបដោយសុវត្ថិភាពដូចដើមវិញ។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការ #BeyondTheGames គឺជាយុទ្ធនាការដែលផ្សព្វផ្សាយអំពី វប្បធម៌ អរិយធម៌ សក្ដានុពល និងសុខសន្ដិភាពរបស់ប្រទេសកម្ពុជា ដែលលើសពីការប្រកួត ដើម្បីចូលរួមជាផ្នែកមួយក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣តាមរយៈការបង្កើតកម្មវិធី និងវេទិកានានា ដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

មិនតែប៉ុណ្ណោះ យុទ្ធនាការ #BeyondTheGames បានផ្ដួចផ្ដើមបង្កើតកម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោក» ក្នុងគោលបំណងដើម្បីបង្ហាញពីក្ដីស្រលាញ់ ភាពកក់ក្ដៅ និងការគាំទ្រដោយឥតលក្ខខណ្ឌទៅកាន់អត្តពលិកគ្រប់រូប ក៏ដូចជាកីឡាករ កីឡាការិនីដែលមានពិការភាព។

ក្រុមការងារយុទ្ធនាការ #BeyondTheGames បាន​ឱ្យដឹង​ថា៖ «ពួកខ្ញុំមានសេចក្ដីងឿងឆ្ងល់ថា ហេតុអ្វីបានជាមានជនខិលខូចមួយចំនួនព្យាយាមធ្វើការវាយប្រហារមកលើបណ្តាញផ្សព្វផ្សាយសាធារណៈ ដែលជាបណ្តាញមួយធ្វើឡើងដើម្បីផ្សព្វផ្សាយកិច្ចការដែលបម្រើជាប្រយោជន៍ជូនសង្គមជាតិ និងប្រជាជនកម្ពុជាដូច្នេះ»។

ស្ថិតក្នុងកាលៈទេសៈនេះក្រុមការងារយុទ្ធនាការសូមអំពាវនាវដល់សាធារណជនសូមយកចិត្តទុកដាក់លើខ្លឹមសារនានាដែលបានចែករំលែកចេញពីបណ្តាញនេះ ជាមួយអត្ថន័យដែលប្រាសចាកពីបេសកកម្មរបស់យុទ្ធនាការ​ដូចបានរៀបរាប់ខាងលើ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមការងារយុទ្ធនាការក៏សូមអំពាវនាវដល់បងប្អូនសាធារណជនបង្កើតប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយសុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គមនានា និងសូមប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទាំងអស់នេះប្រកបដោយកិត្តិយស និង មានប្រសិទ្ធភាពខ្ពស់ដែលពូនជ្រំជាប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជនរបស់យើង៕

ផលិតដោយ ចេញផ្សាយនៅថ្ងៃទី ១៦ មិនា ២០២៣

អ្នកប្រហែលជាចូលចិត្ត

ព័ត៍មាន |
លឹបកីឡាបាល់ទាត់ វិសាខាចូលរួមជាមួយយុទ្ធនាការ #BeyondTheGames។

វិសាខា:

” ក្រុមការងារ គ្រូបង្វឹក កីឡាករ នៃក្លិបកីឡា​បាល់​ទាត់ វិសាខា ទាំង​អស់ បាន​ចូល​រួម​ក្នុង​យុទ្ធ​នា​ការ #BeyondTheGames ទោះ​បីជា​នៅ​ក្នុង​ទី​លាន ឬក្រៅទីលាន រាល់ពេលដែលយើងមានការលំបាក យើង​តែងតែជួយយកអាសារគ្នាជានិច្ច។ នេះហើយជា «ភាសាបេះដូង» របស់​យើង នេះហើយជា «ភាសាបេះដូង» របស់កម្ពុជា។ ចុះ​ភាសា​បេះដូង​របស់​អ្នកជាអ្វី? 😍
💙 «ភាសាបេះដូង» អាចបង្ហាញតាមលក្ខណៈផ្សេងៗពីគ្នាតាមរយ:ពាក្យសម្តី កាយវិការ និងទង្វើជាដើម។ ពេលខ្លះកាយវិការបេះដូងដ៏សាមញ្ញមួយ ក៏អាចបង្ហាញពីភាសាបេះដូងដ៏មានអត្ថន័យនៅពីក្រោយនោះ។
យើងទាំងអស់គ្នាឆ្ពោះទៅកាន់ SEA Game 2023 “